កូនធ្លាប់បានឮពាក្យនេះហើយគឺ
(ឲ្យសម្លឹងមើលសេចក្តីល្អរបស់អ្នកដទៃ) ។
ពាក្យនេះប្រាប់ឲ្យយើងហាត់សម្លឹងមើលផ្នែកល្អរបស់មនុស្សដែលយើ
ងស្គាល់ មនុស្សដែលយើងគប់រក ឬមនុស្សដែលនៅរួមជាមួយយើង ។

មនុស្សយើងដែលនៅមានកិលេសនេះ
សុទ្ធតែមានចំណុចខ្វះខាតក្នុងខ្លួនគ្រប់គ្នាទាំងអស់ មិនមាន អ្នកណា
ដែលបរិសុទ្ធផូរផង់គ្រប់យ៉ាងរកកន្លែងតិះដៀលមិនបាននោះឡើយ ។
កាលបើកូន ស្រឡាញ់រាប់អាន និងគប់រកអ្នកណាហើយ
កូនត្រូវសម្លឹងរកចំណុចល្អរបស់អ្នកនោះឲ្យច្រើន ។
ចំណែកចំណុចមិនល្អវិញ បើគ្រាន់តែបន្តិចបន្តួចទេ ត្រូវរំលងចោលទៅ
លើកយកចំណុចល្អដែល មានច្រើនជាងឲ្យមកប្រាកដ ។
ដូច្នេះរមែងធ្វើឲ្យរលុបបាត់នូវចំណុចខ្វះខាតរបស់គេ
ឬក៏សាប រលាប ទៅបន្តិចម្តងៗ
មិនប្រាកដឡើងនូវការទាស់ចិត្តការស្អប់ឬគំនុំគុំគួនក្នុងចិត្តកូនឡើយ ។
តាមពិត មនុស្សយើងគ្រប់គ្នា
តែងតែមាននូវចំណុចល្អ បើយើងមើលដោយចិត្តធម៌សប្បុរស ។
មនុស្សដែលមានចិត្តប្រកបដោយធម៌សប្បុរស
រមែងមើលឃើញសេចក្តីល្អរបស់អ្នកដទៃបានដោយ ងាយ ។
ចំណែកមនុស្សដែលមានចិត្តមិនប្រកបដោយធម៌សប្បុរស ឬថា
ព្រោះខ្វះយុត្តិធម៌ សូម្បីអ្នកដទៃមានសេចក្តីល្អធំធេង
ប្រាកដដូចជាភ្នំធំនៅនឹងមុខក៏ដោយ ក៏មើលមិនឃើញដែរ ។
មនុស្សភ្នែកល្អធម្មតា តែថាមើលមិនឃើញសេចក្តីល្អរបស់អ្នកដទៃគេហៅថា
មនុស្សចិត្តខ្វាក់ ។
មនុស្សចិត្តខ្វាក់
រមែងមើលមិនឃើញសេចក្តីល្អរបស់អ្នកណាឡើយ ព្រោះខ្មោចអគតិទាំង៤
គឺការ លំអៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះល្ងង់ និងព្រោះភ័យខ្លាច
ស្ថិតនៅក្នុងខ្លួនគេជានិច្ច
ដូច្នេះ យើងរកយុត្តិធម៌ពីមនុស្សចិត្តខ្វាក់បានដោយលំបាក
សូម្បីតែខ្លួនគេផ្ទាល់ក៏មិនដឹងថា ខ្លួនឯងមានចិត្តខ្វាក់យ៉ាងណាដែរ
។ ការគប់រកមនុស្សខ្វាក់ភ្នែកមិនជាអ្វីឡើយ
តែបើគប់រកមនុស្សចិត្តខ្វាក់ ពិតជាមិនល្អទេ ។
ធ្វើល្អជាមួយមនុស្សចិត្តខ្វាក់កូនត្រូវដឹងឲ្យហើយថា
គេមិនអាចនឹងមើលឃើញ សេចក្តីល្អរបស់កូនឡើយ ។
ម៉ែឪប្រាប់កូនដូចពោលមកហើយនេះ គឺដើម្បីឲ្យកូនដឹងថា
មនុស្សយើងច្រើនស្គាល់មនុស្សដល់ជម្រៅចិត្តរបស់គេ
កាលបើស្គាល់យ៉ាងណាហើយកូននឹងបានប្រយ័ត្នប្រយែងខ្លួនឯងផង
រៀបចំចិត្តឲ្យត្រូវល្អផង ដូចពាក្យចាស់ពោលថា
(ផ្គាប់សេ្តចតោងតាមព្រះហទយា ផ្គាប់រាស្ត្រដូចគ្នាតោងមើលចិត្ត)
ព្រមជាមួយគ្នានោះ
កូនត្រូវកុំធ្វើខ្លួនឲ្យជាមនុស្សចិត្តខ្វាក់ប៉ុណ្ណឹងជាការស្រេច ៕
ដោយ៖ ដេវីដ
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
No comments:
Post a Comment