QuOtAtioN

My photo
Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.

(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!

Monday, May 27, 2013

ភាពអាណិតស្រលាញ់បានមកវិញនូវការប្តឹងផ្តល់

នាងស៊ុន ពិសី អាយុ៤៤ឆ្នាំ រស់នៅខេត្តសៀមរាបជាមួយនឹងប្តីនិងកូនៗរបស់នាង។ នាងមានកូនបង្កើត ៤ នាក់។ ដោយចិត្តសន្តោសមេត្តាដល់កុមារដែលរស់ក្នុងទុក្ខលំបាក និងមិនមានការទទួលទានគ្រប់ គ្រាន់ នាង ស៊ុន ពិសី ព្រមជាមួយប្តីទទួល ចិញ្ចឹមបីបាច់កុមារចំនួន២៤នាក់ និងមនុស្សចាស់២៦នាក់។ នាងស្រលាញ់បីបាច់ ថែរក្សាកុមារ និងអ្នកទាំងនោះដូចជាកូន និងសាច់ញាតិរបស់នាង។

ទឹកចិត្តរបស់ពិសី លើកូនៗ នាងស្រលាញ់អាណិតស្មើៗគ្នា។ នាងផ្គត់ផ្គង់ពួកគេ ឲមានហូបគ្រប់គ្រាន់ និង បានទៅសាលារៀនគ្រប់ៗគ្នា។ កូនៗរស់នៅប្រកបដោយសីលធម៌ ពួកគេគោរពចាស់ទុំ និងមិនដែល ឈ្លោះប្រកែកគ្នា។ នេះបញ្ជាក់ថា នាង ស៊ុន ពិសី និងប្តី មានការណែនាំកូនៗបានល្អ គួរឲសរសើរ និងជា គំរូមួយដ៏ល្អ សម្រាប់ក្រុមគ្រួសារដទៃទៀតរៀនសូត្រតាម។ នាងហៅកូនៗទាំងអស់ពេញមាត់ ថាជាកូន ទោះកូនទាំងនោះជាកូនចិញ្ចឹមក្តី នាងគ្មានចិត្តលំអៀងទៅកូនណាមួយទេ។

នាងពិសី និងប្តី ចិញ្ចឹមបីបាច់កូនៗរបស់នាងដោយកម្លាំងញើសឈាមរបស់នាងនឹងប្តីខំរក ដោយពុំ ទទួល បានជំនួយពីស្ថាប័ណ្ណណាមួយទេ។ នេះជាទឹកចិត្តរបស់នាងដល់កូនៗជាទីស្រលាញ់ដោយ អស់ពីចិត្ត។

នាងពិសី ធ្លាប់រស់នៅក្នុងស្ថានភាពក្រលំបាក គ្មានឪពុកម្តាយផ្តល់ភាពកក់ក្តៅ។ នាងឆ្អែតឆ្អន់នឹង ការរងនូវ ទុក្ខលំបាកវេទនាក្នុងជីវិតដែលនាងបានឆ្លងកាត់ ដោយយល់ឃើញដូច្នេះហើយ កុមារ ដែលនាងយក មកចិញ្ចឹមបីបាច់ថែទាំ នឹងមិនជួបការលំបាកដូចអ្វីដែលនាងបានឆ្លងកាត់ទេ។ និយាយរួម នាងជាអ្នកធ្វើ បុណ្យ និងប្រកាន់ខ្ជាប់នូវធម៌ស្ងប់ក្នុងចិត្ត ដ៏ប្រពៃមួយរូប។

នៅឆ្នាំ ២០១០ នាងពិសី និងប្តីរបស់នាងបានទទួលយកកុមារាម្នាក់យកមកចិញ្ចឹម បីបាច់ថែរក្សាដូច កូនៗ ផ្សេងទៀតដែរ។ កុមារានេះមានអាយុ ១៩ខែ ឈ្មោះ ឌាំង សំបូ។ ការទទួលយកកុមារាសំបូ យកមកចិញ្ចឹម បីបាច់ថែរក្សា គឺមានកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរជាមួយអាណាព្យាបាលរបស់ កុមារា។ រឿងពិតដែល នាំឲអាណាព្យាបាលរូបនេះ សម្រេចចិត្តប្រគល់កុមារាសំបូ ឲអ្នកដទៃចិញ្ចឹម នោះគឺ លោកមានឈ្មោះ ម៉ៅ ឌាំង ជាឪពុកក្រោយ​ដែលបានរួមរស់ជាមួយម្តាយសំបូមុនពេលដែល សំបូចាប់កំណើត។ ពេលប្រពន្ធរបស់ គាត់បានផ្តល់កំណើតដល់សំបូ ហើយបានមួយរយៈ ម្តាយ សំបូបានរត់ទៅតាមបុរសដទៃទៀត ដោយ បន្សល់ទុកសំបូ ដែលមិនទាន់ដឹងក្តី ឲរស់នៅជាមួយ គាត់ និងជីដូនបង្កើត ។​ ​ការរស់នៅក្នុងជីវភាពទីទ័ល និង ​ដោយការទ្រាំមើលឃើញនឹងភ្នែកពុំបាន នូវការមិនយកចិត្តទុកដាក់មើលថែទាំកុមារាសំបូ ពីសំណាក់ ជីដូន និងសាច់ញាតិ ក្នុងនាមលោក ដែលជាអាណាព្យាបាល​របស់កុមារារូបនេះ និងឋិតក្នុងជីវភាពទ័លលំបាក មិនមានលទ្ធភាពក្នុង ការចិញ្ចឹមបីបាច់កូនឲបានល្អ និងដោយមើលឃើញនាងស៊ុន ពិសី មានចិត្ត សណ្តោសប្រណី ទើប អាណាព្យាបាលរបស់កុមារា សំបូ សុខចិត្តប្រគល់កូនជូនដោយក្តីសង្ឃឹមថាកូន និងរស់នៅដោយ សុខ។

គួររំលឹកដែរថា នៅពេលដែលនាងស៊ុន ពិសី និងប្តីទទួលយកកុមារាសំបូ មកចិញ្ចឹមបីបាច់ថែរក្សា ជីដូន និងសាច់ញាតិរបស់កុមារាសំបូ មិនដែលនឹកនា ខ្វល់ខ្វាយមកទាមទារ ចៅប្រុសទៅមើល ថែរក្សាវិញម្តងណាឡើយ។

នៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៣ ជាអកុសល្យ កុមារសំបូរទទួលមរណភាពដោយឆក់ខ្សែភ្លើង។​ ពេលគេ រៀបចំបូមទឹក ដាក់ពាង ស្រោចផ្កាក្នុងបរិវេណផ្ទះ កុមារាសំបូ រួមទាំងបងប្អូនតូចៗ ដទៃទៀត ក្នុងនោះក៏ មានកូនបង្កើតរបស់ នាងពិ សី ផងដែរ នាំគ្នារត់លេងទឹក ដែលចេញពីបំពង់ ទុយោស្រោចស្រពលើដីក្បែរ គុម្ពផ្កា គៀនរបងផ្ទះ។​ នាង ពិសីពេលឃើញកូនៗរត់លេងយ៉ាងដូច្នេះ ក៏បានឲកូនទៅលេងនៅ អណ្តូង ស្នប់ ក្រោយផ្ទះ និយាយរួចនាងក៏ដើរត្រលប់ចូលក្នុងផ្ទះវិញ។ មួយសន្ទុះក្រោយមក សមាជិក ក្នុងផ្ទះរបស់ គាត់បានស្រែក ឡើងថា៖ ឆក់ខ្សែភ្លើង ឆក់ខ្សែភ្លើង ឆក់ខ្សែភ្លើង។ សមាជិកក្នុងផ្ទះដែលបានឃើញហេតុ ការណ៍នោះបានប្រាប់ថា៖ កូនៗទាំងនោះរត់ ទៅក្រោយផ្ទះពេលបងស្រីដេញ ប៉ុន្តែពួកគេបានត្រលប់មក លេងខាងមុខវិញ ពេលគាត់ចូលទៅ ក្នុងបាត់។ ខ្ញុំកំពុងធ្វើការក្នុងរោងបាយ​ បានក្រលេកឃើញកុមារាសំបូ ទាញខ្សែភ្លើងដែល គេប្រើ កំពុងបូមទឹក។ កុមារាសំបូ បាន លូកដៃចូល ទៅក្នុងរន្ធដុំភ្លើងនោះ។ ខ្ញុំបានរត់ មកដើម្បីចាប់កុមារា សំបូចេញ ប៉ុន្តែកុមារាសំបូ រួមទាំងកូនៗប៉ុន្មាននាក់ ទៀតដែលលេងទឹកជាមួយនឹងគ្នាបានឆក់ត ព្រមគ្នានេះដែរ។ ភ្លាមៗនោះសមាជិកក្នុងផ្ទះ ផ្អើលឡើង ហើយរត់ទៅផ្តាច់ចរន្តភ្លាម។ ក្នុងចំណោម កូនៗ ដែលឆក់ខ្សែភ្លើងទាំងនោះ មានតែកុមារាសំបូ ទេ ដែលសន្លប់បាត់ស្មារតី ហើយត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់ភ្លាមៗដែរ។ គួរឲអនិច្ចា លោកគ្រូពេទ្យ បានប្រាប់ថា៖ កុមារា សំបូរ បានផុតដង្ហើមទៅហើយ។

នាងពិសី ព្រមទាំងក្រុមគ្រួសារទាំងមូលមានក្តីតក់ស្លុត ក្តុកក្តួល និងសោកស្តាយយ៉ាងអនេកចំពោះ ការ បាត់បង់កូនប្រុសម្នាក់នេះ។ នាងបាន បន្ទោសខ្លួនឯងយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់ ខ្លួន។ នៅពេលដែលគាត់ សម្លឹងមើលរូបថតរបស់សំបូ ម្តងៗ គាត់បង្ហូរទឹកភ្នែក និងក្តុកក្តួលក្នុងចិត្ត តែគាត់មិនដឹង ថ្លែងប្រាប់នរណាបានក្រៅពីរូបខ្ញុំដែលជាអ្នកសរសេរអត្ថបទនេះ។ នាងបានពោល ទាំងទឹកភ្នែកថា៖ បង ចិញ្ចឹម សំបូ តាំងពីបាទជើងក្រហមរងៀល មិនគួរណាមានរឿងនេះកើតឡើង ឡើយ។ បងអាណិត និង ស្រលាញ់កូននៅពេលដែលគ្នាកំព្រាគ្មានអ្នកថែរក្សា បងចិញ្ចឹមគេ បង សង្ឃឹមថា កូនៗមានសេចក្តីសុខ កក់ក្តៅ និងចំរើនពេញវ័យដោយដៃគាត់ផ្ទាល់ ប៉ុន្តែឥឡូវគាត់បាត់ បង់កូនម្នាក់ហើយ។ និយាយបណ្តើរ ទឹកភ្នែកគាត់ ហូរបណ្តើរ ដោយក្តីសោកស្តាយហួសប្រមាណ។

ទន្ទឹមនឹងនេះដែរនាងពិសី ក៏បានផ្តល់ដំណឹងជូនទៅ លោកម៉ៅ ឌាំង ដែលជាឪពុកក្រោយ របស់ សំបូ ផងដែរ។ កុមារាសំបូ បានទទួលមរណភាពនៅអាយុ៤ឆ្នាំ។ រយៈពេល ៣ ឆ្នាំ ៧ខែ ដែលកុមារា សំបូ រស់នៅយ៉ាងសុខសប្បាយក្នុងបន្ទុករបស់នាង។ ទន្ទឹមនឹងនោះដែរ ក្នុងរយៈពេលដែលកុមារា សំបូ រស់នៅជាមួយ នាង ពុំមានជីដូន ឬ សាច់ញាតិបង្កើតណាម្នាក់របស់សំបូ មកសាកសួរសុខទុក្ខ ឡើយក្រៅពីលោកម៉ៅ ឌាំង ដែលជាឪពុកក្រោយរបស់កុមារា។

ក្រោយពី នាងពិសី បានផ្តល់ដំណឹងទៅដល់លោក ម៉ៅ ឌាំង ពីមរណភាពរបស់សំបូ ដោយគាត់មិន មាន លទ្ធភាព ដើម្បីរៀបចំ ពីធីបុណ្យសពឲកុមារាសំបូ គាត់ក៏ប្រគល់ភារៈនេះឲនាងធ្វើជំនួសវិញ។ ហេតុនេះ នាងពិសី និងប្តី បានទទួលរ៉ាប់រងទាំងអស់លើពិធីបុណ្យសពកុមារាសំបូ ដែលនាង ស្រលាញ់ ស្មើកូនបង្កើត របស់នាង។ ពិធីបុណ្យសពរបស់កុមារាសំបូ បានប្រារព្ធធ្វើតាមប្រពៃណី ខ្មែរ ក្រោមការរៀបចំ យ៉ាងយកចិត្ត ទុកដាក់របស់នាង និងប្តី រួមទាំងកូនៗចិញ្ចឹមរបស់គាត់ទាំង អស់។

នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៣ រឿងដែលនឹកស្មានមិនដល់មួយបានកើតឡើង គឺ នាង និងប្តី ទទួល បានកាដូជាពាក្យបណ្តឹងមួយពីជីដូនរបស់កុមារាសំបូ ដែលមានលោក ជា ហេង ជាប្រធាន ការិយាល័យ ជួញដូរកុមារ ជាអ្នកទទួលបន្ទុកសំនុំរឿង។ លោក ជា ហេង បានមកផ្ទះ នាង ពិសី រួចសរសេរដីកាកោះ ហៅ នៅចំពោះមុខនាង និងប្តីដោយផ្ទាល់។ លោក ជា ហេង បានប្រាប់ថា ជី ដូន របស់កុមារាសំបូ បានទៅ ប្តឹងនៅរាជអជ្ញា ប៉ុន្តែរាជអជ្ញាបានបញ្ជូនសំនុំរឿងមកឲលោក ដើម្បី ស៊ើបអង្កេត។ អ្នកកាសែតនៃក្រុងសៀម រាបដែលទៅជាមួយដែរនោះ បានបន្ទរថា៖ យើងត្រូវការ ៣លានរៀល ព្រោះគ្រួសារគេជាអ្នកទាមទារ។​

និយាយពីជីដូនរបស់កុមារាសំបូ គាត់ដែលមិនដែលនឹកនា ដល់ចៅ និងមិនដែល មកអើតចៅសោះ កាល ចៅនៅរស់ ឥឡូវស្រាប់តែមកធ្វើពាក្យបណ្តឹង ប្តឹងថា នាង ស៊ុន ពិសី សម្លាប់កុមារាសំបូ និង មិនបានធ្វើ ពិធីបុណ្យសពឲចៅរបស់គាត់បានត្រឹមត្រូវ។

គ្រាន់តែទទួលបានដំណឹងនៃបណ្តឹងរបស់ជីដូនសំបូ នាង ពិសី ធ្លាក់ទឹកមុខ ខំប្រឹងទប់ចិត្ត ទប់ អារម្មណ៍ ដែរតែមិនអាចទប់បាន តំណក់ទឹកនេត្រា រមៀលធ្លាក់មកលើថ្ពាល់់ជាបន្តបន្ទាប់ឥតអៈ។ ទឹកភ្នែកជាភ្លៀង លាងភក្រ្តានាងរៀងរាល់រាត្រី ដោយហួសចិត្តឥតឧបមា អាណិតស្រណោះខ្លួន នូវអ្វីដែល ខ្លួនបានលះបង់ ដើម្បីមនុស្សជាច្រើន​ នឹកស្មានមិនដល់ថាអ្វីដែលនាងបានសាងដោយ ចិត្ត ស្មោះបរិសុទ្ធ ទៅកុមារម្នាក់ដែល នាងហៅថាកូនៗពេញមាត់ បែរជាទទួលបាន អំណោយជា ពាក្យបណ្តឹងប្តឹងចោទ ប្រកាន់ គ្មានការត្រិះរិះ ពិចារណា។ មនុស្សធម៌ ដែលនាងផ្តល់ដល់មនុស្ស គ្រប់រូប ប្រែក្លាយជាទោសឧក្រិដ្ឋ ដែលចាក់ដោតបេះដូង នាងឲធ្លុះធ្លាយខ្ទេចខ្ទាំគ្មានសល់។

លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ នាង និងប្តីបានទៅស្នងការ ដើម្បីស្តាប់ពាក្យបណ្តឹង និង ស្រាយ បំភ្លឺ នៅការិយាល័យលោក ជា ហេង។ តាម រយៈលោក ជា ហេង បាននិយាយថា៖ ជីដូន សំបូ បានស្នើសុំ បណ្តឹង នាង ស៊ុន ពិសី និងប្តី ពីបទប៉ុនប៉ងសម្លាប់ដោយអចេតនា ដោយពង្រាយ ខ្សែភ្លើងទុកឲឆក់ ក្មេង ស្លាប់ និង មិនបានធ្វើពិធីបុណ្យសពឲចៅ របស់គាត់បានត្រឹមត្រូវដោយយក ទៅកប់ដូចខ្មោចសត្វ។ លោក ជា ហេង និយាយតែមាត់ តែមិនមិនបង្ហាញលិខិតបណ្តឹងឡើង។​ សហការីលោក ជា ហេង បាននិយាយបន្លឺថា៖ បើមិនមាន ១ម៉ឺនដុល្លាទេ ច្បាស់ជាត្រូវជាប់គុក ហើយ  រួមទាំងអ្នកទាំងពីរចិញ្ចឹមក្មេង ដោយខុសច្បាប់ទៀត ពួកអ្នកគ្មានសិទ្ធិចិញ្ចឹមក្មេងទេ មុខហ្នឹង គ្មានមេធាវីណាជួយទេ។ ទន្ទឹមនឹងនេះដែរ កូនចិញ្ចឹមរបស់ នាងពិសី ទាំងអស់បាននាំគ្នាដង្ហែក្បួន ពីផ្ទះទៅស្នងការ ដោយមិនឲនាងដឹងឡើយ ដើម្បីជាការគាំទ្រដល់ម្តាយដែលចិញ្ចឹមបីបាច់ខ្លួន ប៉ុន្តែ ការធ្វើក្បួនគាំទ្រនេះ ត្រូវបានគេចោទថាពួកគេមាន បំណងចង់ធ្វើភេរវកម្ម បើមិនបំបែកក្បួនទេ គេ នឹងចាប់ដាក់គុកទាំងអស់គ្នា។ ពេលដែល នាងពិសីបាន ឃើញដូច្នេះក៏បណ្តេញកូនៗឲត្រលប់មក ផ្ទះវិញ។

នាង​ ពិសី និងប្តី ខំប្រឹងប្រែងពុះពារក្នុងការតស៊ូក្តី ប្រឆាំងនឹងភាពអយុត្តិធម៌ដែល គេបានចោទ ប្រកាន់រូប នាង និងប្តី។ នាងបានស្នើសុំឲប្រាប់ទៅមនុស្សទាំងឡាយថា៖ ខ្ញុំចិញ្ចឹមក្មេងក្នុងនាម មនុស្សធម៌ ដោយ ញើសឈាមរបស់ខ្ញុំផ្ទាល់ ដែលមនុស្សដទៃទៀតមិនមាន បើខ្ញុំចិញ្ចឹមកូនដែល គ្មានទីពឹង ជាអំពើខុសច្បាប់ ចុះពួកអ្នកទាំងនោះមានសណ្តានជាអ្វី? ខ្ញុំឈឺចាប់ណាស់នៅពេល ដែលគេថា ការចិញ្ចឹមក្មេងៗ ដែលនៅ ក្នុងបន្ទុករបស់ខ្ញុំ ជាអំពើផ្ទុយនឹងច្បាប់។ ខ្ញុំចង់សួរថាតើច្បាប់ នៅមាត្រាណាដែលបានចែងថា ការចិញ្ចឹម ក្មេងដោយមនុស្សធម៌ជាអំពើខុសច្បាប់? ក្មេងខ្លះត្រូវ បានឪពុកម្តាយយកមកបោះចោលផ្ទះរបស់ខ្ញុំ ឯក្មេង ខ្លះទៀតក៏ត្រូវឪពុកម្តាយយកមកផ្ញើឲជួយ ទំនុកបំរុង ដោយជីវភាពពួកគាត់ទីទ័លលំបាក។ ខ្ញុំទទួលដោយ ដៃទាំងទ្វេ និងស្ម័គ្រចិត្តចិញ្ចឹមទាំង មិនខ្លាចនឿយហត់។ ចុះចំណែកអ្នក តើសុខចិត្ត ឬ ស្ម័គ្រចិត្តធ្វើដូច្នេះ ទេ? បើអ្នកមិនមានភាព មនុស្សធម៌ក្នុងខ្លួន សូមកុំថាឲអ្នកដទៃជា មនុស្ស អមនុស្សធម៌។ បើមុននឹង និយាយសូមមើល ហើយសួរខ្លួនឯងសិន។ រឿងនេះជាមេរៀនជីវិតរបស់ខ្ញុំ ដែលក្តីមេត្តាករុណា ក្តីអាណិត អាសូរ ក្តីស្រលាញ់បានមកវិញនូវការប្តឹងផ្តល់ ដ៏អយុត្តិធម៌ពីមនុស្សអមនុស្សធម៌ ដែលយក សជាខ្មៅ យកគុណជាទោស។ សង្ឃឹមថា ទេវតាមិនបិទព្រះនេត្រ ហើយសូមព្រះអង្គផ្តន្ទាទោសនូវភាព អយុត្តិធម៌ ដល់មនុស្សគ្រប់រូបដែលបានសាង លើមនុស្សស្លូតត្រង់ និងស្មោះស ដូចជារូបខ្ញុំ។

 សូមអរគុណមិត្តទាំងឡាយដែលចំណាយពេលអានអត្ថបទនេះ។
©នាងស៊ុន ពិសី


No comments: